ការរាប់ចំនួនក្នុងភាសាខ្មែរ ៖ តើយើងអាចកែកំហុសយើងបានឬទេ?

អត្ថបទ​ខាង​ក្រោម​នេះ ខ្ញុំ​បាន​ដកស្រង់​ចេញ​ពី​សារព័ត៌មាន រស្មីកម្ពុជា ចេញ​ផ្សាយថ្ងៃ អាទិត្យ – ចន្ទ ទី ០៨-០៩ ខែ​សីហា ឆ្នាំ​២០១០ ។ អត្ថបទ​នេះ​សរសេរ​ដោយ​លោក អ៊ុំ សារាវុធ និយាយ​រៀបរាប់​ពី​ការ​រាប់​ចំនួន​ក្នុង​ភាសា​ខ្មែរ ដែល​យើង​យក​ពាក្យ​សៀម​មក​ប្រើ ដោយ​បំភ្លេច ឬ មិន​ដឹង​តែ​ម្ដង​នូវ​ពាក្យ​ខ្មែរ​ពិត​ប្រាកដ។ សូម​អាន​ខ្លឹម​សារ​ទាំងស្រុង​ដូច​តទៅ៖

=x=x=x=x=x=

តើ​យើង​អាច​កែ​កំហុស​យើង​បាន​ឬ​ទេ?

តាំង​ពី​ពេល​យូរ​ណាស់​មក​ហើយ ដែល​ខ្ញុំ​តែង​មាន​ចម្ងល់​ថា ស្រុក​ខ្មែរ​យើង​ជា​ស្រុក​ចំណាស់​មួយ​ដែល​មាន​អរិយធម៌​ដ៏​រុងរឿង និង វប្បធម៌​សម្បូរ​បែប មិន​គួរ​ណា​នឹង​ខ្វះ​ពាក្យ​សម្ដី​សម្រាប់​រាប់​លេខ​ដូច​ជា​សព្វ​ថ្ងៃ​នេះ​ទេ ពីព្រោះ​នៅ​ក្នុង​ចម្លាក់​ក្ដី ផ្នែក​សំណង់​ប្រាសាទ​នានា​ក្ដី យើង​ពិត​ជា​ត្រូវ​ការ​គិត​គូរ​ពី​រង្វាស់​រង្វាល់​តាម​ក្បួន​ខ្នាត​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត។ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​បាត់​បង់​ពាក្យ​សម្ដី​សម្រាប់​ប្រើ​ហៅ​លេខ​ទាំងអស់​នោះ? តើ​ពី​ជំនាន់​ណា​មក? នេះ​ជា​សំណួរ​ដែល​យើង​ត្រូវ​តែ​ស្វែង​រក​ចម្លើយ​ឲ្យ​បាន។

ចំពោះ​ចម្ងល់​ខ្ញុំ​នោះ​គឺ ពេល​ដែល​យើង​រាប់​លេខ​ដល់​ម្ភៃប្រាំបួន (២៩) យើង​ក៏​លោត​ដល់​ពាក្យ

សាមសិប (៣០) សែសិប (៤០) ហាសិប (៥០) ហុកសិប (៦០) ចិតសិប (៧០) ប៉ែតសិប (៨០) កៅសិប (៩០)។ តើ​ពាក្យ​សៀម​ទាំង​នេះ​ វា​បាន​ជ្រៀត​ចូល​ក្នុង​វប្បធម៌​ខ្មែរ​តាំង​ពី​ជំនាន់​ណា​មក? តើ​យើង​អាច​យក​ពាក្យ​ខ្មែរ​មក​ប្រើ​ជំនួស​វា​វិញ​បាន​ឬ​ទេ?

ឥឡូវ​នេះ ខ្ញុំ​សូម​លើក​យក​ពាក្យ​ខ្មែរ​មក​បង្ហាញ​បង​ប្អូន​សិន

ដប់ និង មួយ​ដណ្ដប់

ដប់ពីរ និង ពីរដណ្ដប់

ដប់បី និង បីដណ្ដប់

ដប់បួន និង បួនដណ្ដប់

ដប់ប្រាំ និង ប្រាំដណ្ដប់

ដប់ប្រាំមួយ និង ប្រាំមួយដណ្ដប់

ដប់ប្រាំពីរ និង ប្រាំពីរដណ្ដប់

ដប់ប្រាំបី និង ប្រាំបីដណ្ដប់

ដប់ប្រាំបួន និង ប្រាំបួនដណ្ដប់។

ខ្ញុំ​សូម​សួរ​ថា តើ​ពាក្យ​មួយ​គូ​ៗ នេះ វា​មាន​ន័យ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ? ខ្ញុំ​ជឿ​ជាក់​ថា បង​ប្អូន​ពិត​ឆ្លើយ​ថា វា​មាន​ន័យ​ដូច​គ្នា​ទាំង​អស់។ នេះ​ហើយ​ជា​ការ​ភាន់​ច្រឡំ​របស់​យើង​តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ។ តាម​ពិត ដប់ប្រាំ (១៥) និង​ប្រាំដណ្ដប់ (៥០) វា​មិន​ដូច​គ្នា​ទេ ពីព្រោះ​ដណ្ដប់ (១០) វា​ជា​មេគុណ​នឹង​ប្រាំ (៥) ដូច​គ្នា​នឹង​ពាក្យ​សៀម​ថា សិប ជា​មេគុណ​នឹង ហា (៥) រួច​សម្រេច​រួម​ជា ហាសិប (៥០) ដែរ។

ដូចនេះ ខ្ញុំ​សូម​សរសេរ​សម្រួល​ពាក្យ​ខ្មែរ​ជំនួស​ពាក្យ​សៀម​វិញ​ថា

មួយដណ្ដប់ = ១០

ពីរដណ្ដប់ = ២០

បីដណ្ដប់ =  ៣០

បួនដណ្ដប់ = ៤០

ប្រាំដណ្ដប់ = ៥០

ប្រាំមួយដណ្ដប់ = ៦០

ប្រាំពីរដណ្ដប់ = ៧០

ប្រាំបីដណ្ដប់ = ៨០

ប្រាំបួនដណ្ដប់ = ៩០

ហេតុនេះ យើង​ឃើញ​ថា ខ្មែរ​យើង​មិន​ខ្វះ​ពាក្យ​សម្រាប់​ប្រើ​ទេ តែ​ហេតុអ្វី​បាន​ជា​យើង​មិន​ប្រើ? បុព្វហេតុ ប្រហែល​មក​ពី​ការ​ភាន់​ច្រឡំ​ថា ដប់ពីរ និង ពីរដណ្ដប់​វាដូចគ្នា ហើយ​ការ​ភាន់​ច្រឡំ​នេះ​វា​មានមក​ជា​ច្រើន​ជំនាន់​មក​ហើយ បណ្ដាល​ឲ្យ​ផ្នត់គំនិត​យើង​រាល់​គ្នា យល់​ថា​វា​ដូច​គ្នា។ សំណាង​ល្អ​ដែរ ដែល​យើង​បាន​ថែ​រក្សា​ពាក្យ​ដណ្ដប់​នេះ​ទុក​តកូន​ចៅ​រៀង​រហូត​មក បើ​ពុំ​នោះ​ទេ វា​នឹង​ត្រូវ​បាត់បង់​ហិនហោច​មិន​អាច​នឹង​រាវរក​ឃើញ​ឡើយ។

ហេតុអ្វី​បាន​ជា​ខ្ញុំ​លើក​យក​រឿង​នេះ​មក​និយាយ​នៅ​ពេល​នេះ? ដើម​រឿង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣ មីនា ២០០៨ កន្លង​ទៅ​នេះ នៅ​ពេល​ខ្ញុំ​រៀបចំ​ធ្វើ «បុណ្យ​ផ្កា​សាមគ្គី» មួយ សម្រាប់​សាលារៀន​ខ្មែរ​សុរិន្ទ​នៅ​ឯ​ក្រុង​លីយ៉ុង (Lyon) ។ ដោយ​ចៃដន្យ ខ្ញុំ​បាន​ជួប​ខ្មែរ​ម្នាក់​ដែល​គាត់​ធ្លាប់​បាន​ទៅ​លេង​នៅ​ស្រុក​ភូមា ហើយ​បាន​ជួប​ប្រទះ​ភូមិ​ខ្មែរ​ពីរ ភូមិ​មួយ​ឈ្មោះ​ភូមិ​កំបុត និង ភូមិ​មួយ​ទៀត​ឈ្មោះភូមិ​ឆក ប្រហែល​ជា​នៅ​ក្នុង​ភូមិភាគអ៊ីរ៉ាវដ្ដី (IRRAWADDY)។

គាត់​ថា អ្នក​ភូមិ​ទាំង​នោះ​នៅ​និយាយ​ខ្មែរ​ តែ​ជា​ខ្មែរ​បែប​បុរាណ​ណាស់ (តាម​ពិត​ពួក​គាត់​មិន​ដែល​បាន​ទទួល​ឥទ្ធិពល​ពី​សៀម​ទេ)។ គាត់​ថា ពួក​គេ​និយាយ​ថា ប្រាំដណ្ដប់ ស្មើ​នឹង​ពាក្យ​ដែល​យើង​ប្រើ​សព្វថ្ងៃ​នេះ​ថា (៥០) ដែរ។ សម្ដី​គាត់​ប៉ុន្មាន​ម៉ាត់​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើ​ត​តែ​ម្ដង ហើយ​គិត​គូរ​មើល​ទៅ​ឃើញ​ថា ពួក​គេ ពិត​ជា​បាន​និយាយ​ត្រឹមត្រូវ​មែន។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ចំពោះ​ដំណឹង​ដ៏​ល្អ​នេះ បើ​ពុំ​នោះ​ទេ ខ្ញុំ​ពិត​ជា​ស្លាប់​ទៅ​នាំ​យក​ទាំង​ការ​ភាន់​ច្រឡំ​ដ៏​ធំ​នេះ​ទៅ​ជាមួយ​ផង​ពុំ​ខាន។

តើ​យើង​គួរ​ប្រើ​ពាក្យ​ខ្មែរ​ឡើង​វិញ​ឬ​ទេ? តើ​ត្រូវ​របៀប​ណា ដើម្បី​ឲ្យ​ពាក្យ​ទាំង​នេះ​អាច​ជ្រាប​ចូល​ក្នុង​សន្ដាន​ចិត្ត​ខ្មែរ​គ្រប់​ស្រទាប់? ខ្ញុំ​យល់​ថា​ វា​ពុំ​ងាយ​ស្រួល​សម្រាប់​រយៈពេល​ខ្លីទេ តែ​រយៈពេល​យូរ យើង​អាច​ធ្វើ​ទៅ​បាន តាម​រយៈ​ក្រសួង​អប់រំ បើ​ពុំ​នោះ​វា​ពុំ​អាច​ទេ ពីព្រោះ ពាក្យ​សៀម​ដែល​យើង​ប្រើមក​នេះ វា​ដុះ​ស្លែ​ជា​យូរ​មក​ហើយ រួច​មក​នៅ​មាន​ពាក្យ​សៀម​សេសសល់​ខ្លះ​ទៀត​ដែល​យើង​ត្រូវ​តែ​បោស​សម្អាត​ចោល ពីព្រោះ​វា​ជា​របស់​មិន​ចាំបាច់​ដូចជា​ពាក្យ​ថា ចៅហ្វាយ ចៅហ្វា ចាងហ្វាង ភូឈួយ(អ្នកជួយ) ប៉ាឆា (ប៉ា៖ព្រៃ, ឆា៖ដុត ព្រៃ​ដុត​ខ្មោច) ខុនណាង (ឃុននាង) ហ្លួង(ស្ដេច ឬ លោក) បាយខុនចងដៃ (បាយ៖ថ្ងៃរសៀល, ខុន​មក​ពី​ឃុន ៖ មនុស្ស បទ​បាយខុនចងដៃ មាន​ន័យ​ថា ចង​ដៃ​កូន​ប្រុស កូន​ស្រី ក្នុង​ពេល​ថ្ងៃ​រសៀល​ពេល​រៀប​មង្គលការ) ជាដើម។

ខ្ញុំ​សង្ឃឹម​ថា យោបល់​បន្តិច​បន្តួចនេះ អាច​ធ្វើ​ឲ្យ​បង​ប្អូន​ត្រិះរិះ​គិត​សម្ដី​សំដៅ​ខ្មែរ​យើង​ដែល​មាន​លក្ខណៈ​សម្បូរបែប តែ​ត្រូវ​គេ​បោះ​បង់​ចោល​ហើយ​បែរ​ជា​ស្រវា​យក​នូវ​អ្វើ​ដែល​ជា​របស់​គេ​ថា​ថ្លៃថ្នូរ ថា​រុងរឿង​ទៅ​វិញ។

សព្វ​ថ្ងៃ ខ្មែរ​យើង​គ្រាន់​តែ​សម្ដី​ថា អាច់ ក៏​គ្មាន​ដែរ ទាល់​តែ អាចម៍ បែប​បាលី​ទើប​ត្រឹម​ត្រូវ។ សភាព​ជ្រុល​និយម​នេះ ត្រូវ​តែ​យើង​ប្រមូល​ផ្ដុំ​គ្នា​កែ​តម្រូវ​ទើប​បាន បើ​ពុំ​នោះ​ទេ​យើង​នឹង​ស្វែង​រក​ការ​រុងរឿង​ម្ដេច​ឃើញ បើ​យើង​បន្ថោក​ខ្លួន​ឯង​ម្ល៉ឹងៗ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ការ​យក​សម្ដី​គេ​មក​ជំនួស​សម្ដី​ខ្មែរ បាន​ក្លាយ​ជា​របាំង​ងងឹត​មួយ​សម្រាប់​មនុស្ស​ភាគ​ច្រើន​ដែល​គ្នា​ពុំ​យល់​ខ្លឹម​សារ​របស់​ពាក្យ​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់៕

– សូម​កុំ​ច្រឡំ​សំដី​ថា ដណ្ដប់ និង សណ្ដប់ (?)

– កំណត់​សម្គាល់​សម្រាប់​លេខ​សៀម

ហ្នឹង = ១ សង = ២ សាម = ៣ ស៊ី = ៤ ហា = ៥ ហុក = ៦ ចិត = ៧ ប៉ែត = ៨ កៅ = ៩ ស៊ិប = ១០

ដោយ អ៊ុំ សារាវុធ

=x=x=x=x=x=

យោបល់​ខ្ញុំ៖

–       ខ្ញុំ​យល់​ស្រប​ទាំង​ស្រុង​ចំពោះ​អត្ថបទ​ខាង​លើ។

–       ខ្ញុំ​ក៏​ធ្លាប់​មាន​ចម្ងល់​ដូច​គាត់​ដែរ តែ​ចេះ​តែ​គិត​ថា សៀុម​ហៅ​ចំនួន​តាម​ខ្មែរ​ទៅ​វិញ។ តាម​ពិតខ្មែរ​យើង​យក​ពី​សៀម​សោះ។ គួរ​ឲ្យ​ខ្លោច​ចិត្ត​ណាស់។ យក​របស់​គេ​មក ហើយ​បំបាត់​ពាក្យ​ខ្លួន​ឯង​ចោល​សូន្យ​សុង។

–       មិន​គួរ​ណា យើង​មិន​នាំ​គ្នា​ប្រើ​ពាក្យ «ដណ្ដប់» សោះ​តែ​ម្ដង។ សូម្បី​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃ​ជួន ណាត ក៏​គ្មាន​ពាក្យ​នេះ​ដែរ (sic)។ សម្ដេច​គួរ​តែ​គាស់​កកាយ​ពាក្យ​នេះ​យក​មក​ប្រើ។ បើ​យើង​ពិនិត្យ​មើល​វចនានុក្រម​ខ្មែរ សម្ដេច​បាន​បញ្ចូល​ពាក្យ​ខ្ចី​ពី​បាលី សំស្ក្រឹត បារាំង សៀម ចិន យួន​ច្រើន​ក្រែល តែ​ពាក្យ​ខ្មែរ​សាមញ្ញ​ភាគ​ច្រើន (ប្រជាស័ព្ទ) ទ្រង់​មិន​បញ្ចូល​សោះ​តែ​ម្ដង។ អ៊ីចឹង​ហើយ បាន​ធ្លាប់​មាន​គេ​ចោទ​ថា ទ្រង់​បាលី​និយម សំស្ក្រឹត​និយម មិន​សូវ​ ខ្មែរ​និយម សោះ។ ពាក្យ​ខ្លះ​ ខ្មែរសោះ តែ​ទ្រង់​ប្រឹង​ធ្វើ​ម៉េច​ភ្ជាប់​សាច់​ឈាម​ជាមួយ​ឥណ្ឌា​ទាល់​តែ​បាន (សូម​អាន «ភាសាវិទ្យា» របស់​លោក​ឡុង សៀម) ដូចពាក្យ​គេ​ថា ខ្មែរ ជា​អ្នក​ «ស៊ី» តែ ឥណ្ឌា ជា​អ្នក «អាចម៍»​ ជាដើម។

–       ខ្ញុំ​ធ្លាប់​យល់​ពី​ដើម​មក​ថា ដប់​ពីរ = ពីរ​ដណ្ដប់​ អ៊ីចឹង​ដែរ។

–       កាល​ពី​មក​រៀន​នៅ​ភ្នំពេញ​លើក​ដំបូង ខ្ញុំ​បាន​និយាយ​តថ្លៃទៅ​កាន់​អ្នក​លក់​ចិន​ថា ប្រាំមួយដណ្ដប់​ដុល្លារ អ៊ីនោះ​គាត់​បាន​សើច​របៀប​ឌឺៗ ប្រហែល​យើង​និយាយ​ភាសា​អ្នក​ស្រែ​ចូល​ក្រុង​ហើយ បាន​ជា​គេ​សើច តែ​នៅ​ស្រុក​ខ្ញុំ​គេ​និយាយ​ថា ប្រាំមួយដណ្ដប់​ចឹង​ែមន តែ​សំដៅ​ដល់ ១៦ មិន​ ៦០ ទេ អ៊ីចឹង​មាន​ន័យថា ខាង​ស្រុក​ខ្ញុំ​ក៏​ច្រឡំ​រាប់​ជំនាន់​មក​ហើយ​ដែរ។

–       ខ្ញុំ​ក៏​បាន​ភ្ញាក់​ខ្លួន​ព្រើត​ដែរ ពេល​បាន​អាន​អត្ថបទ​នេះ។ ខ្ញុំ​បាន​រក​មើល​ពាក្យ​ដែល​ទាក់​ទង​នឹង​ចំនួន នៅ​ក្នុង​វចនានុក្រម ឃើញ​ថា​មាន​បញ្ជាក់​ពាក្យ​មេ​ទាំង​នោះ​មែន។ តែ​ហេតុអ្វី​មិន​បញ្ចូល​ពាក្យ​ដែល​ទាក់​ទង​នឹង​គ្រប់​ចំនួន​ផង? គួរ​តែ​មាន​ទំព័រ​ពិសេស​ណា​មួយ​បង្ហាញ​ពី​ចំនួន​ជា​លេខ និង ជា​អក្សរ។

–       ពាក្យ «សណ្ដប់» ខាង​លើ អត់​ដឹង​ថា​មាន​ន័យ​យ៉ាង​ម៉េច​ទេ ប្រហែល​ជា​កាែសត​រស្មី​កម្ពុជា វាយ​ច្រឡំ​ទេ​ដឹង? ៕

$$$$$$

តើ​អ្នក​យល់​យ៉ាង​ណា​ដែរ?

តើឈ្មោះខ្ញុំមានន័យយ៉ាងណា?

នៅពេលដែលគេសួរខ្ញុំថា តើខ្ញុំមានឈ្មោះអ្វី ខ្ញុំតែងតែមានការរារែកនឹង ប្រាប់ឈ្មោះទៅគេ។ គេនឹងមានការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយលាន់មាត់ថា «ឈ្មោះ(ដូច)ស្រី!» បន្ទាប់ពីខ្ញុំបានប្រាប់ឈ្មោះទៅ គេរួចហើយ។ តាមពិតទៅ ឈ្មោះខ្ញុំមិនមែនមិនពីរោះនោះទេ។ គឺពីរោះទាល់តែមែនទែន។ តែហេតុអ្វីបានជាគេចេះតែយល់ (perceive) ថា ឈ្មោះរបស់ខ្ញុំនេះជាឈ្មោះរបស់ស្រីទៅវិញ? មកពីពីរោះពេកទេដឹង? បើតាមអត្ថន័យពិតនៃឈ្មោះនេះ គឺគ្មានចំណុចណាដែលបង្ហាញថា ឈ្មោះខ្ញុំនេះ «និមល» ទាក់ទងនឹងឈ្មោះមនុស្សស្រីឡើយ។

តាមវចនានុក្រមខ្មែរ របស់សម្ដេចសង្ឃជួន ណាត បោះពុម្ពនៅឆ្នាំ១៩៦៧ ទំព័រ៣៧៥; «និមល» ឬ «និម្មល» ជាគុណនាម (បាលី៖ និម្មល; សំស្ក្រឹត៖ និម៌ល សរសេរជាអក្សរទេវនាគរីनिर्मल ) មានន័យថា ដែលឥតមន្ទិល ឥតសៅហ្មង ស្អាតបរិសុទ្ធ។

តែពាក្យនេះ ខ្មែរយើងតែងនិយមយកមកប្រើក្នុងកំណាព្យ ឬ ចម្រៀងដើម្បីហៅអ្នកណាម្នាក់ដែលខ្លួនស្រលាញ់ពេញចិត្ត គាប់ហឫទ័យរបស់ខ្លួន មិនថាប្រុស ឬ ស្រីឡើយ។

ឧទាហរណ៍៖

  • កំណាព្យៈ តាំងពីឃ្លាតចាកនួននិម្មល រៀមរឹងទុក្ខទល់ខ្វល់ក្នុងប្រាណ កិច្ចការសារពើធ្វើពុំបាន នឹកតែកល្យាណសព្វវេលា។
  • ចម្រៀងៈ ទឹកភ្នែកលើថ្ពាល់ ហៅប្រុសនិមលឲ្យត្រលប់ ឃើញមុខមុនពេលឃ្លាតទៅ សមចិត្តពៅដែលនៅត្រូវការបង។ (បទ «គ្មានថ្ងៃបញ្ចប់» របស់សុគន្ធ នីសា)

តាមការពន្យល់ខាងលើ គឺគ្មានចំណុចណាដែលបញ្ជាក់ថា «និមល» ជាឈ្មោះរបស់មនុស្សស្រី ឬ ប្រុសសោះឡើយ។ ពាក្យនេះ គឺមានន័យ ត្រឹមតែ ឥតសៅហ្មង ឥតមន្ទិលប៉ុណ្ណោះ។

បើយើងពិនិត្យលើពាក្យដទៃទៀតដូចជាពាក្យ ពិសី, កល្យាណ, រតនា, សុផល, វឌ្ឍនា, សុភក្ដិ, វណ្ណា… យើងឃើញថា ពាក្យទាំងអស់នេះ អាចដាក់បានទាំងប្រុសទាំងស្រី ដូចជាមិនសូវអ្នកណា ចាប់ភ្លឹកថាស្រី ឬ ប្រុសទេ។ ចុះហេតុអ្វី ចម្លែកតែពាក្យ «និមល»?

តាមពិតមិនមែនមានតែខ្ញុំដែលជាប្រុសឈ្មោះនិមលតែម្នាក់ឯងទេ គឺមានច្រើនទៀតឈ្មោះ និមល ដូចជាលោក កែវ និមល អ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរី ។ល។ និង ។ល។ ដូច្នេះ សូមអ្នកដែលបានស្ដាប់ឈ្មោះខ្ញុំនៅពេលដំបូង កុំមានការចម្លែកចិត្តអី៕

ឯកសារយោង៖

  • វចនានុក្រមខ្មែររបស់សម្ដេចសង្ឃជួន ណាត បោះពុម្ពឆ្នាំ1967 ទំព័រ 375