បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘ទាក់ទងនឹងខ្ញុំ’

ទៅ​ចូលរួមប្រលង​តែង​និពន្ធ

ខែ សីហា 12, 2008 nimol 5 វិចារ

ថ្ងៃ​នេះ ខ្ញុំបាន​ទៅ​ចូល​រួម​ប្រលង​តែង​និពន្ធ​ នៅអង្គការ​ខ្មែរ​ដើម្បី​សុខភាព​និង​សិល្បៈ។ អង្គការ​នេះ​កំពុង​បង្កើត​ផលិតកម្ម​ថ្មី​មួយដែលនឹងចេញ​ផ្សាយ​អាល់ប៊ុម​ចម្រៀង​ដំបូង​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។

និយាយ​លាក់​បាំង​អី ការ​ស្រមៃ​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ម្នាក់ នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច។ តាំង​ពី​តូច​មក​ម្ល៉េះ ខ្ញុំ​ធ្លាប់​សាក​ល្បង​សរសេរ​ចម្រៀង​ផ្សេងៗ ហើយ​ផ្ញើឲ្យ​ក្រុមហ៊ុន​គេ​ជួយ​ថត​ឲ្យ តែ​មិន​ដែល​បាន​សម្រេច​​មួយ​ទេ។

ខាង​ក្រោម​នេះ​ជា​សំណួរ​ដែល​គេសួរ​នៅ​ប្រលង​ចូល​រៀន​ វគ្គ​តែង​និពន្ធ។

១- តើ​អ្នក​និពន្ធ​ជា​អ្វី?

២- តើ​ហេតុអ្វី​បាន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​និពន្ធ?

៣- តើ​ទំនុក​ច្រៀង​(lyrics) និង​បទភ្លេង(melody) ខុស​គ្នា​ដូច​ម្ដេច​ខ្លះ? ពន្យល់។

៤- ដើម្បី​និពន្ធ​បទ​ចម្រៀង​មួយ​ឲ្យ​បាន​ល្អ តើ​អ្នក​និពន្ធ​ត្រូវ​ពឹង​ផ្អែក​លើ​អ្វី​ខ្លះ?

៥- ចូរ​តែង​បទ​ចម្រៀង​ថ្មី​មួយ​ដែល​និយាយ​ពី​ស្នេហា​របស់​យុវជន​សម័យ​ថ្មី​នេះ។

ចំណាត់ក្រុម ៖ទាក់ទងនឹងខ្ញុំ

តើឈ្មោះខ្ញុំមានន័យយ៉ាងណា?

ខែ មិថុនា 2, 2008 nimol 13 វិចារ

នៅពេលដែលគេសួរខ្ញុំថា តើខ្ញុំមានឈ្មោះអ្វី ខ្ញុំតែងតែមានការរារែកនឹង ប្រាប់ឈ្មោះទៅគេ។ គេនឹងមានការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយលាន់មាត់ថា «ឈ្មោះ(ដូច)ស្រី!» បន្ទាប់ពីខ្ញុំបានប្រាប់ឈ្មោះទៅ គេរួចហើយ។ តាមពិតទៅ ឈ្មោះខ្ញុំមិនមែនមិនពីរោះនោះទេ។ គឺពីរោះទាល់តែមែនទែន។ តែហេតុអ្វីបានជាគេចេះតែយល់ (perceive) ថា ឈ្មោះរបស់ខ្ញុំនេះជាឈ្មោះរបស់ស្រីទៅវិញ? មកពីពីរោះពេកទេដឹង? បើតាមអត្ថន័យពិតនៃឈ្មោះនេះ គឺគ្មានចំណុចណាដែលបង្ហាញថា ឈ្មោះខ្ញុំនេះ «និមល» ទាក់ទងនឹងឈ្មោះមនុស្សស្រីឡើយ។

 

តាមវចនានុក្រមខ្មែរ របស់សម្ដេចសង្ឃជួន ណាត បោះពុម្ពនៅឆ្នាំ១៩៦៧ ទំព័រ៣៧៥; «និមល» ឬ «និម្មល» ជាគុណនាម (បាលី៖ និម្មល; សំស្ក្រឹត៖ និម៌ល សរសេរជាអក្សរទេវនាគរីनिर्मल ) មានន័យថា ដែលឥតមន្ទិល ឥតសៅហ្មង ស្អាតបរិសុទ្ធ។

 

តែពាក្យនេះ ខ្មែរយើងតែងនិយមយកមកប្រើក្នុងកំណាព្យ ឬ ចម្រៀងដើម្បីហៅអ្នកណាម្នាក់ដែលខ្លួនស្រលាញ់ពេញចិត្ត គាប់ហឫទ័យរបស់ខ្លួន មិនថាប្រុស ឬ ស្រីឡើយ។

 

ឧទាហរណ៍៖

  • កំណាព្យៈ តាំងពីឃ្លាតចាកនួននិម្មល រៀមរឹងទុក្ខទល់ខ្វល់ក្នុងប្រាណ កិច្ចការសារពើធ្វើពុំបាន នឹកតែកល្យាណសព្វវេលា។
  • ចម្រៀងៈ ទឹកភ្នែកលើថ្ពាល់ ហៅប្រុសនិមលឲ្យត្រលប់ ឃើញមុខមុនពេលឃ្លាតទៅ សមចិត្តពៅដែលនៅត្រូវការបង។ (បទ «គ្មានថ្ងៃបញ្ចប់» របស់សុគន្ធ នីសា)

 

តាមការពន្យល់ខាងលើ គឺគ្មានចំណុចណាដែលបញ្ជាក់ថា «និមល» ជាឈ្មោះរបស់មនុស្សស្រី ឬ ប្រុសសោះឡើយ។ ពាក្យនេះ គឺមានន័យ ត្រឹមតែ ឥតសៅហ្មង ឥតមន្ទិលប៉ុណ្ណោះ។

 

បើយើងពិនិត្យលើពាក្យដទៃទៀតដូចជាពាក្យ ពិសី, កល្យាណ, រតនា, សុផល, វឌ្ឍនា, សុភក្ដិ, វណ្ណា… យើងឃើញថា ពាក្យទាំងអស់នេះ អាចដាក់បានទាំងប្រុសទាំងស្រី ដូចជាមិនសូវអ្នកណា ចាប់ភ្លឹកថាស្រី ឬ ប្រុសទេ។ ចុះហេតុអ្វី ចម្លែកតែពាក្យ «និមល»?

 

តាមពិតមិនមែនមានតែខ្ញុំដែលជាប្រុសឈ្មោះនិមលតែម្នាក់ឯងទេ គឺមានច្រើនទៀតឈ្មោះ និមល ដូចជាលោក កែវ និមល អ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរី ។ល។ និង ។ល។ ដូច្នេះ សូមអ្នកដែលបានស្ដាប់ឈ្មោះខ្ញុំនៅពេលដំបូង កុំមានការចម្លែកចិត្តអី៕

 

ឯកសារយោង៖

  • វចនានុក្រមខ្មែររបស់សម្ដេចសង្ឃជួន ណាត បោះពុម្ពឆ្នាំ1967 ទំព័រ 375