ទំព័រដើម > មិនមានប្រភេទ > ជំនឿ និង ប្រវត្តិផ្លែនារីផល

ជំនឿ និង ប្រវត្តិផ្លែនារីផល

ក្នុងប្រកាសមុនខ្ញុំបានបង្ហាញពីរូបភាពផ្លែនារីផលម្ដងរួចមកហើយ តែ​មិន​បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​ផ្លែ​នេះឲ្យ​ពិត​ប្រាកដ​ទេ​ព្រោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់។ ស្រាប់តែថ្មីៗនេះ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី «អង្គរធំ» លេខ២១៩ ដែលនិយាយពីដើមឈើនេះ។ ខ្ញុំ​សូម​ដកស្រង់​អត្ថបទ​នោះ ដូចតទៅ៖

លក្ខណៈដើមនារីផល

ដើមនារីផលដុះនៅលើភ្នំមួយឈ្មោះថា «តណ្ហាវឌ្ឍនៈ» ស្ថិតនៅក្នុងព្រៃហេមពាន្ត ជា​ដើមឈើ​ដ៏​ធំ​មួយ​ដែល​មាន​ពណ៌​ត្នោត​មាស ស្លឹក​ពណ៌​មាស មាន​រស្មី​ផ្លេកៗ ក្នុងមួយ​ឆ្នាំ​មាន​ផ្កា​តែ​ម្ដង​ប៉ុណ្ណោះ។ លក្ខណៈ​ផ្កា​ស្រដៀង​គ្នា​ទៅ​នឹង​ផ្កា​អ័រគីដេ មួយ​កញ្ចុំ​មាន​ផ្កា​ប្រាំ​និង​ផ្កា​មួយ មាន​រូប​ស្រី​មួយ​បើក​ភ្នែក​គ្រប់​ពេល​វេលា តែមិនអាច​និយាយ​ស្ដីបាន។

ផ្កានារីផលរីកនៅម៉ោង៦ព្រឹក បញ្ចេញគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់ ប៉ុន្តែ​ដល់​ម៉ោង​៦ល្ងាច វា​នឹង​ក្ដោប​ទៅ​វិញ។ ក្លិន​របស់​ផ្កា​នេះ ក្រអូប​សាយ​ភាយ​បាន​ឆ្ងាយ​ណាស់ លុះ​ដល់​ថ្ងៃទី៧ ជាថ្ងៃ​ដែលផ្កា​រីកពេញ​ទំហឹង ស្រី​ស្អាត​នៅ​ក្នុង​ផ្កា​នីមួយៗ នឹង​ជ្រុះ​ដែល​នៅ​ពេល​នោះ ពួកឥសីពិទ្យាធរ ជ្រួលជ្រើម​ដណ្ដើម​គ្នា​បេះ​ផ្កា​នារីផល រហូត​ដល់​សម្លាប់​គ្នាក៏មាន។ ផ្កាផ្លែនារីផល មាន​ជីវិត​រស់ពី៤ ទៅ ៥ខែ (ស្មើនឹង៧ថ្ងៃនៅឋានសួគ៌) បន្ទាប់​មក​នឹង​ស្វិត​ក្រៀម​ដូច​បុប្ផា​ទូទៅ។

ដើមកំណើតផ្លែនារីផល

ផ្លែនារីផលមានដើមកំណើត ចាប់ពីមានការបំពេញទានបារមី របស់ព្រះវេស្សន្ដរ ដោយ​មាន ព្រះនាងមេទ្រី ជាលី គ្រឹស្នា តាមមកបម្រើ។ ដោយ​ហេតុ​តែ​នាង​មេទ្រី​មាន​សម្រស់​ស្អាត ធ្វើ​ឲ្យ​ព្រះឥន្ទ្រ​ខ្លាច​ក្រែង​ពួក​ព្រាហ្មណ៍ ឥសី​ព្រៃភ្នំ មកឆាឆៅ​បំពាន​ព្រះនាង ទើប​ព្រះអង្គ​និមិត្ត​ឲ្យ​មាន​ដើម​នារីផល​១៦ដើម ឡោមព័ទ្ធ​ជុំវិញ​បរិវេណ​ឆ្ងាយ​ពី​អាស្រម​របស់​ព្រះវេស្សន្ដរ និង​ធ្វើ​ឲ្យ​ដើម​នេះ​បញ្ចេញ​ក្លិន​ក្រអូប​ទៅ​បញ្ឆោត​ឲ្យ​ឥសី​និង​អ្នក​ហាត់​មន្ដវិជ្ជាការ​ទាំងអស់ ឈ្លក់​វង្វេង​នឹង​ក្លិន​នេះ មិន​មក​បៀតបៀន​ព្រះនាង​មទ្រី។

នាងនារីផល គឺជាទេពធីតាដែលអស់បុណ្យនៅឋានសួគ៌ និង​ត្រូវ​បាន​បញ្ជូន​ចុះ​មក​លាង​បាប​កម្ម​របស់​ខ្លួន ទើប​ធ្វើ​ឲ្យ​ភាព​ស្រស់​ស្អាត​នៃ​ផ្លែ​នីមួយៗ​មិន​ដូច​គ្នា ពោល​គឺ​អាស្រ័យ​ទៅ​លើ​ផល​បុណ្យ​របស់​ទេព​អប្សរ​នីមួយៗ​ផង​ដែរ។

គេ​ជឿ​ថា ប្រសិន​បើ​អ្នក​ហាត់​មន្តវិជ្ជាការ ឬ ឥសី​រូប​ណាបាន​ស្ទាប​អង្អែល​នាង​នារីផល នោះ​នឹង​ដាច់​សីល​បាត់​បង់​ឫទ្ធី​អំណាច។

អវសាននៃផ្លែនារីផល

ដោយសារមនុស្សធម្មតាមិនអាចចូលទៅក្នុងព្រៃហេមពាន្ដបាន ទើប​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា ក្រោយ​ពី​ព្រះវេស្សន្ដរ​យាង​ចូល​ព្រះនគរ​វិញ ផ្លែ​នារីផល​នោះ​នៅ​មាន​ទៀត​ឬ​យ៉ាងណា។ ប៉ុន្ដែ​បើ​តាម​រឿង​និទាន​ឥណ្ឌា បានតំណាលថា មាន​ឥសី​មួយ​អង្គ ទៅ​ឆក់​ដណ្ដើម​យក​នាង​នារី​ផល​ម្នាក់ ឈ្មោះថា «នរសី» មក​ធ្វើ​ជា​ភរិយា ប៉ុន្ដែក្រោយមក នាង​នរសី​មាន​សហាយ​ស្មន់ តា​ឥសី​ខឹង​ខ្លាំង​ណាស់ បានដាក់​បណ្ដាសា​នាង​នរសី និង​ផ្លែ​នារីផល​គ្រប់​ដើម ឲ្យ​ក្លាយ​ទៅ​ជា​ថ្ម ធ្វើ​ឲ្យ​ផ្លែ​នារីផល មិន​អាច​ចេញ​ផ្កា​ផ្លែ ក្នុង​ព្រៃ​ហេមពាន្ត​បាន​ទៀត​ឡើយ៕

អាន​ប្រកាស​មុន

ចំណាត់ក្រុម ៖មិនមានប្រភេទ ប្លាក៖