ទំព័រដើម > អក្សរសាស្ត្រ > តើពាក្យ«ផ្សារ»មានប្រភពមក​ពី​ភាសា​ណា?

តើពាក្យ«ផ្សារ»មានប្រភពមក​ពី​ភាសា​ណា?

តើ​អ្នក​ទាំងអស់​គ្នា​មាន​ដែល​ចាប់អារម្មណ៍​ទេ​ថា ពាក្យ «ផ្សារ» ដែល​ត្រូវ​នឹង​ភាសា​អង់គ្លេស Market និង​ភាសា​បារាំង Marché ជា​ពាក្យ​ភាសា​ខ្មែរ​សុទ្ធ​ឬយ៉ាងណា?

តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ​ជួន ណាត «ផ្សារ» ជា​ពាក្យ​ក្លាយ​មក​ពី​បរទេស​ថា ប៊ៈហ្សារ តែ​ព្រះអង្គ​មិន​បាន​បញ្ជាក់ថា ពាក្យ​នេះ​ចេញ​មក​ពី​ភាសា​ណា​នោះ​ទេ។

ផ្សារ () (ក្លាយ​មកពី​ពាក្យ​បរទេស​ថា ប៊ៈហ្សារ) ទីប្រជុំ​លក់​ទិញ​របស់​ផ្សេងៗ គឺប្រជុំ​ផ្ទះ ឬ រាន​តូច​ធំ​ដែល​គេ​ដាក់​ទំនិញ​លក់​ដូរ។ បុរាណ​ប្រើ​ពាក្យ​នេះ​ថា អាប័ណ (បាលី-សំស្ក្រឹត) ។ ផ្សារផ្សោ៖ ផ្សារ​ស្ដុកស្ដម្ភ​និង​ផ្សារ​រាយរង​នៅ​លាយ​ចម្រុះ​គ្នា (ពាក្យ​សាមញ្ញ)

ដោយ​ចង់​ដឹង តើ​ពាក្យ​នេះ​ចេញ​មក​ពី​ភាសា​ណា​ឲ្យ​ពិត​ប្រាកដ ខ្ញុំ​ក៏​ស្វែងរក​ពាក្យ​នេះ​នៅ​ក្នុង​ឯកសារ​ផ្សេងៗ​ទៀត។ សំណាង​ល្អ ខ្ញុំ​បាន​ប្រទះ​ពាក្យ​នេះ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ-អង់គ្លេស បោះពុម្ព​ដោយ Bureau of Special Research in Modern Languages នៃ The Catholic University of America Press ‘1977។ វចនានុក្រម​នេះ បញ្ជាក់​ថា៖

ផ្សារ ក្លាយ​មក​ពី​ពាក្យ​របស់​ភាសា​ចាម​និង​ម៉ាឡេ។ ចាម​ថា៖ pasar ឯម៉ាឡេ​ថា pasar; persiam bazar.

English-Malay Dictionary: http://www.dicts.info/dictionary.php?l1=English&l2=Malay

តាម​មើល​ពាក្យ​នេះ ខ្មែរ​យើង​ប្រហែលជា​ខ្ចី​ពី​ចាម ម៉ាល៉ាយូ ឬ ជ្វា (?) នៅ​សម័យ​កណ្ដាល​រវាង​សតវត្ស​ទី១៥-១៨ ព្រោះ​សម័យកាល​នោះ នគរ​កម្ពុជា​មាន​ការ​ទាក់ទង​ច្រើន​ជាមួយ​ប្រទេស​ម៉ាល៉ាយូ (ម៉ាឡេ) និង ជ្វា​ទាំង​ខាង​ជំនួញ ទាំង​ខាង​នយោបាយ។

មិន​ដឹង​ថា​តើ​ខ្មែរ​មាន​ពាក្យ​អ្វី​ផ្សេង​ដែល​ជា​ពាក្យ​ខ្មែរ​សុទ្ធ​សម្រាប់​ហៅ​សម្គាល់​ន័យ​នេះ​ឬ​យ៉ាងណា​នោះ​ទេ ក្រៅ​ពី​ពាក្យ​ដែល​ខ្ចី​ពី​ម៉ាឡេ និង បាលី-សំស្ក្រឹត

ចំណាត់ក្រុម ៖អក្សរសាស្ត្រ
  1. ខែ មិថុនា 7, 2008 ម៉ោង 4:37 ល្ងាច | #1

    អរគុណ​បង​ម៉ុល​ដែល​បាន​លើក​យក​ប្រ​ភព​ពាក្យ​នេះ​មក​បង្ហាញ​ជូន។ ពីមុន​ខ្ញុំ​ក៏​​ធ្លាប់​​ជួប​​ការ​ពន្យល់​របស់​ពាក្យ​នេះ​ដែរ តែ​គេ​ដូច​ជា​ជំទាស់​នឹង​សម្តេច​សង្ឃ​ជួន​ណាត។ ហើយ​ដល់​ឃើញ​ដូច្នោះ ខ្ញុំ​ក៏​ទៅបើក​មើល​នៅ វចនានុក្រមជួនណាត​មើល​បន្ថែម​ ​ក៏​ឃើញ​ការ​ពន្យល់ដូច​បង​ដាក់​ខាង​លើចឹង​។
    តែគួរ​ឲ្យ​ស្តាយ​ ដែល​ខ្ញុំ​ភ្លេច​ មិនដឹង​ជា​ការ​ពន្យល់​នោះ​នៅ ក្នុង​សៀវ​ភៅ​មួយណា… បើ​មាន​ឱកាស​ខ្ញុំ​បាន​ប្រទះ​ម្តង​ទៀត​ ខ្ញុំ​នឹង​លើក​យក​មក​ប្រាប់​នៅ​ទីនេះ។

  2. វិចិត្រ
    ខែ មិថុនា 8, 2008 ម៉ោង 10:05 ល្ងាច | #2

    ​គួរ​ជា​ពាក្យ​អារ៉ាប់​ច្រើន​ជាង (រឺ​ក៏​​ចាម រឺ​ម៉ាឡេ​ យក​ពី​អារ៉ាប់​តមក​ដែរ​) : BAZAAR
    តែ​យ៉ាង​ណា​ ខ្មែរ​បាន​ច្នៃ​ពាក្យ​នេះ​អោយ​មាន​ខ្យល់​ខ្មែរ​បាត់​ទៅ​ហើយ។
    ស្រម័យ​ថា បើ​នរណា​ម្នាក់​នាំគេ​ឯង​ត្រលប់​ទៅ​ហៅ​ជា​ ​ បៈ​ហ្សារ (BAZAAR) វិញ​ អ្នក​យល់​យ៉ាង​ណា​ដែរ?​

  3. ខែ មិថុនា 10, 2008 ម៉ោង 11:25 ព្រឹក | #3

    ពាក្យ​នេះ​ប្រហែល​ជា​កើត​មាន​​នៅ​ក្រោយ​សតវត្សរ៍​ទី​១៤ ឬ​ពី​ទី​១៥​មក បន្ទាប់​ពី​មាន​ការធ្វើជំនួញ​របស់​ពួក​ហូល្លង់ ម៉ាឡេ ចាម នៅ​កម្ពុជា ឬ​នៅ​ចាម ឬ អាណ្ណាម។ ព្រោះ​សម័យ​មុន​នោះ ខ្មែរ​មិន​មាន​ផ្សារ​លក់ដូរ​ទេ តែ​បើ​មាន​​ក៏​គេ​មិន​ហៅ​ថា​ផ្សារ​យ៉ាង​នេះ​ដែរ គ្រាន់​តែ​ជា​ការដោះដូរ​តូចតាច។

    ពាក្យ​​ផ្សារ​នេះ​ក៏​ឃើញ​មាន​ប្រើ​ស្រដៀង​គ្នា​ជាមួយ​ភាសា​ ពែរស្យង់ (?) ភាសា​ដែល​ប្រើ​ដោយ​ពួក​ហិណ្ឌូអ៊ឺរ៉ុប (អាហ្វហ្គានីស្ថាន, ប៉ាគីស្ថាន, អៀរ៉ង់…) ពួក​គេ​ហៅ​ថា ប៊ៈហ្សារ ដូច​​ការ​ប្រាប់​នៅ​ក្នុង​វចនានុក្រម​របស់​សម្ដេច​ជួន ណាត។ តែ​បើ​ថា​យក​តាម​ពួក​​ម៉ាឡេ​ដូច​ជា​ត្រឹមត្រូវ ឬ​ចេះ​ពី​ពួក​ហូល្លង់​ដែល​ធ្វើ​ដំណើរ​មក​ពី​ហ្វីល្លីពីន​ក៏​សម។ និយាយ​រួម​ប្រហែល​ជា​មាន​ប្រភព​មក​ពី​ពួក​ដែល​មក​ពី​ម៉ាឡេ ដែល​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជៈ ។ ចាម​ក៏​ហៅ​ថា​ ប៉ាសា ដូច​ម៉ាឡេ​ដែរ ប្រហែល​ដោយសារ​តែ​ចាម​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​ពួក​ទាំង​នោះ​ដូច​ខ្មែរ​​ដែរ។

    ខ្ញុំ​ឯកភាព​នឹង​វចនានុក្រម​របស់​សម្ដេច​ជួនណាត ប្រហែល​ជា​ប្រភព​មក​ពី​ភាសា ពែរស្យង់។ បើ​យើង​ចង់​រក​ឫសគល់​របស់​ពាក្យ​ថា​ជា​ភាសា​ដើម​របស់​ជាតិ​ណា​មួយ​ក៏​ពិបាក​ដែរ។ ដូច​ដែល​បាន​ប្រាប់​មក​ខាងលើ ពាក្យ​នេះ​មិន​មែន​មាន​ប្រើ​តែ​​ក្នុង​ភាសា​ម៉ាឡេ​ទេ មិន​មែន​ជា​ភាសា​ដើម​របស់​ចាម ហើយ​ប្រហែល​ជា​ម៉ាឡេ​ខ្ចី​គេ​ប្រើ​ដូចគ្នា​​។

    ការប្រើភាសា​នៅ​ឥណ្ឌូចិន​នេះ​មាន​ការលាយឡំ​គ្នា អាច​ថា​មាន​ការខ្ចី​គ្នា​ប្រើ​ច្រើន ដូច​យើង​ឃើញ​ភាសា​ម៉ាឡេ និង​ខ្មែរ​ជា​ច្រើន​មាន​ប្រើ​ដូច​គ្នា។ ម៉ាឡេ​ក៏​​មាន​ប្រើ​សំស្ក្រឹត​ដូច​ខ្មែរ។

  4. ខែ មិថុនា 10, 2008 ម៉ោង 11:33 ព្រឹក | #4

    ចំពោះ​ភាសា​ខ្មែរ​យើង បើ​ពាក្យ​ណា​ដែល​ខ្ចី​មក​ពី​គេ ហើយ​ពាក្យ​នោះ​មាន​ព្យាង្គ​វែង ឬ ការ​បញ្ចេញ​សំឡេង​វែង ខ្មែរ​យើង​នឹង​អាន​កាត់​ឲ្យ​សូរ​នៅ​ខ្លី តួយ៉ាង ពាក្យខ្ចី​ពី​បាលី សំស្ក្រឹត ដូចជា ភូមិ ជាតិ ញាតិ ,,,, យើង​មិន​អាន​ថា​ ភូម មិ ជាត តិ ញាត តិ ទេ គឺខ្មែរយើង​អាន​កាត់​ឲ្យ​ខ្លី​ត្រឹម​ថា​ ភូម ជាត ញាត ,,, ប៉ុណ្ណោះ។ ដូច​គ្នា​នេះ​ដែរ ពាក្យ pasar ក៏​ខ្មែរ​យើង​អាន​កាត់​ខ្លី​ថា​ ផ្សារ ដែរ។ ខ្ញុំ​គិត​ថា​នឹង​គ្មាន​នរណា​ម្នាក់​ព្យាយាម​អាន​ពាក្យ​នេះ​ជា​ពីរ​ព្យាង្គ​ឡើយ។
    តាម​ធម្មតា​សូម្បី​ពាក្យ​និយាយ​សាមញ្ញ​រាល់​ថ្ងៃ ក៏​ខ្មែរ​យើង​អាន​ខ្លីៗ ដែរ ឧទាហរណ៍ ដូចពាក្យ ស្រមៃ និយាយ​ថា ស្មៃ , ត្រលប់ ទៅជា ត្លប់ ,,,។

  5. ខែ មិថុនា 10, 2008 ម៉ោង 11:39 ព្រឹក | #5

    ពាក្យ​នេះ​អាច​ថា​ជា​ពាក្យ​អារ៉ាប់​ដូច​បង​និយាយ​មែន។ ព្រោះ​អាច​បណ្ដាល​មក​ពី​ឥទ្ធិពល​សាសនា​ឥស្លាម។ មិន​ត្រឹម​តែ​ពាក្យ «ផ្សារ» នេះ ទេ នៅ​មាន​ពាក្យ​ច្រើន​ទៀត ដូច​ជា ក្រដាស ( Arab: Qirtas, Portuguese: Cadas, Malay: Kadas) … ប្រឡាំងកាស, សាប៊ូ, មង្ឃុត, ក្ដាំង​ងារ,,,,

  6. ខែ មិថុនា 10, 2008 ម៉ោង 12:07 ល្ងាច | #6

    ហ្នឹង​ហើយ! តាម​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា គេ​តែងតែ​ខ្ចី​ភាសា​គ្នា​ប្រើ​ជា​ធម្មតា។

  7. វិចិត្រ
    ខែ មិថុនា 10, 2008 ម៉ោង 2:06 ល្ងាច | #7

    ត្រឹម​ត្រូវ!!
    ខ្ញុំ​សួរ​បែប​នេះ​ព្រោះ​ឃើញ​ក្នុង​ចំនោម​សង្គម​បញ្ញា​វន្ត​ខ្មែរ​បច្ចុប្បន្ន​មាន​ទំនោរមួយ​ គឺ​ យល់ថា បើ​ខ្ចី​ពាក្យ​គេ​មក​ប្រើ គួរ​អាន​សរសេរ​តាម​គេ​អោយ​ដូច​បេះ​បិទ​បើ​អាច នេះ​ទើប​ហៅ​ថា​អ្នក​ចេះ។ ឧទាហរណ៍ Café ត្រូវ​អាន​ថា កាហ្វេ គឺ​អាន​អោយ​ដូច​ពាក្យ​ដើម បើ​ទោះ​ជា​ ខ្យល់ ហ្វ គ្មាន​ក្នុង​ភាសា​ខ្មែរដើម​ក៏​ដោយ។ ឧបមា​ថា ខ្លះ​អាន​ថា កាផេ គួរ​អោយ​ចង់​សើច​ទេ?(ស្តាប់​ទៅ​ព្រឺ​សំបុរ)។ ឧទាហរណ៍​ពាក្យ​មួយទៀត Free (អត់​គិត​លុយ) គឺ​ចង់​អោយ​អាន​ថា ហ្វ្រ៊ី តែ​អ្នក​ដែល​លឺអ្នក​លក់​តែ​និយាយ​ថា ព្រី ទេ ស្តាប់​ទៅ​ចង់​តែ​សើច។ ប៉ុន្តែ​អ្នក​ក្នុង​សង្គម​ដែល​អ្នក​ចាត់ទុក​ថា​មិន​មែន​អ្នក​ចេះ​ដឹង​អស់​នេះ ទៅ​វិញ​ទេ​ដែល​ជា​អ្នក​រក្សា​នូវ​អ្វី​ជា​ខ្លឹម​ ជា​អត្ត​សញ្ញាណ​របស់​ខ្មែរ។

    ខ្ញុំ​លឺ​ជា​ញញៗ​គេ​និយាយ​ថា ខ្មែរ​គ្រាន់​បើ​ព្រោះ​អាច​បញ្ចេញ​សំលេង​រឺ អាន​ចំ​ពាក្យ​បរទេស​ភាគ​ច្រើន ខុស​ភាសា​យួន ចិន ថៃ ដែល​អត់​មាន​សំលេង​ខ្លះ រឺ​អាន​មិន​ចេញ​សំលេង​ខ្លះ។ តែ​ក្រោយ​មក​ខ្ញុំ​ដឹង​ថា នេះ​ជា​ទស្សនៈភាន់​ច្រលំ​ដ៏​ធំ​បំផុត។​

    បើ​ចំលង​គេ​មក​ប្រើ​ ត្រូវ​ចេះ​កែ​ច្នៃ។ តែ​បញ្ហា​គឺ គឺ​ត្រូវ​ច្នៃ​អោយ​ចេញ​បែប​ណា?

  8. កូនខ្មែរ-បារាំង
    ខែ សីហា 14, 2008 ម៉ោង 5:30 ព្រឹក | #8

    បើតាមវចនានុក្រមបារាំង Petit Larousse en couleurs បោះពុម្ពនៅឆ្នាំ​១៩៩១ ពាក្យ bazar ជានាមស័ព្ទ ហើយជាភាសាពែរសង់( persan= persian) ដែលគេសរសេរ​ ba៑za៑r ​សូមបញ្ជាក់ថា សញ្ញ ៑ នេះគឺនៅ​លើតួ a ហើយដែលគេពន្យល់មាន ៤ អត្ថន័យ៖
    ១. ផ្សារសាធារណៈនៅបូព៌ាប្រទេស និង​នៅ​អាហ្វ្រិកខាងជើង
    ២. ហាងដែលគេលក់របស់ច្រើនប្រភេទ
    ៣. ជាគ្រាមភាសាមានន័យថាកន្លែងដែលគ្មានសណ្ដាប់ធ្នាប់ឬរបៀប​រៀបរយ
    ៤. ជាគ្រាមភាសាដែរគឺសំដៅទៅលើរបស់កំប៉ិកកំប៉ុកដែលមានតម្លៃ​តិចតួច
    Petit Larousse en couleurs , 1991 page 132

  9. ខែ សីហា 14, 2008 ម៉ោង 8:36 ព្រឹក | #9

    សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ចូល​រួម​បញ្ចេញ​មតិ។
    សួស្ដី​កូន​បារាំង!

  10. ខែ កញ្ញា 8, 2008 ម៉ោង 7:12 ល្ងាច | #10

    Agree,Bazaar is used nearly across cultures: white,black or brown.

    How about haang? Khamer or foreign word?
    Also rian louk khroeung hoab.so where rian comes from?

  11. សេត​ ​​មូហាំម៉ាត់ស៊ីស
    ខែ កុម្ភៈ 28, 2009 ម៉ោង 10:08 ព្រឹក | #11

    អរគុណចំពោះការបកស្រាយពាក្យផ្សារ
    ខ្ញុំជាជនជាតិចាម​ ខ្ញុំគាំទ្រការបកស្រាយនេះ

  12. ខ្មែរសុរិន្ទ្រ
    ខែ តុលា 14, 2009 ម៉ោង 12:45 ព្រឹក | #12

    អរគុណយ៉ាងច្រើនបងប្អូនខ្មែរ

  1. ខែ មេសា 7, 2009 ម៉ោង 10:49 ព្រឹក | #1