ទំព័រដើម > ទាក់ទងនឹងខ្ញុំ, អក្សរសាស្ត្រ > តើឈ្មោះខ្ញុំមានន័យយ៉ាងណា?

តើឈ្មោះខ្ញុំមានន័យយ៉ាងណា?

នៅពេលដែលគេសួរខ្ញុំថា តើខ្ញុំមានឈ្មោះអ្វី ខ្ញុំតែងតែមានការរារែកនឹង ប្រាប់ឈ្មោះទៅគេ។ គេនឹងមានការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយលាន់មាត់ថា «ឈ្មោះ(ដូច)ស្រី!» បន្ទាប់ពីខ្ញុំបានប្រាប់ឈ្មោះទៅ គេរួចហើយ។ តាមពិតទៅ ឈ្មោះខ្ញុំមិនមែនមិនពីរោះនោះទេ។ គឺពីរោះទាល់តែមែនទែន។ តែហេតុអ្វីបានជាគេចេះតែយល់ (perceive) ថា ឈ្មោះរបស់ខ្ញុំនេះជាឈ្មោះរបស់ស្រីទៅវិញ? មកពីពីរោះពេកទេដឹង? បើតាមអត្ថន័យពិតនៃឈ្មោះនេះ គឺគ្មានចំណុចណាដែលបង្ហាញថា ឈ្មោះខ្ញុំនេះ «និមល» ទាក់ទងនឹងឈ្មោះមនុស្សស្រីឡើយ។

 

តាមវចនានុក្រមខ្មែរ របស់សម្ដេចសង្ឃជួន ណាត បោះពុម្ពនៅឆ្នាំ១៩៦៧ ទំព័រ៣៧៥; «និមល» ឬ «និម្មល» ជាគុណនាម (បាលី៖ និម្មល; សំស្ក្រឹត៖ និម៌ល សរសេរជាអក្សរទេវនាគរីनिर्मल ) មានន័យថា ដែលឥតមន្ទិល ឥតសៅហ្មង ស្អាតបរិសុទ្ធ។

 

តែពាក្យនេះ ខ្មែរយើងតែងនិយមយកមកប្រើក្នុងកំណាព្យ ឬ ចម្រៀងដើម្បីហៅអ្នកណាម្នាក់ដែលខ្លួនស្រលាញ់ពេញចិត្ត គាប់ហឫទ័យរបស់ខ្លួន មិនថាប្រុស ឬ ស្រីឡើយ។

 

ឧទាហរណ៍៖

  • កំណាព្យៈ តាំងពីឃ្លាតចាកនួននិម្មល រៀមរឹងទុក្ខទល់ខ្វល់ក្នុងប្រាណ កិច្ចការសារពើធ្វើពុំបាន នឹកតែកល្យាណសព្វវេលា។
  • ចម្រៀងៈ ទឹកភ្នែកលើថ្ពាល់ ហៅប្រុសនិមលឲ្យត្រលប់ ឃើញមុខមុនពេលឃ្លាតទៅ សមចិត្តពៅដែលនៅត្រូវការបង។ (បទ «គ្មានថ្ងៃបញ្ចប់» របស់សុគន្ធ នីសា)

 

តាមការពន្យល់ខាងលើ គឺគ្មានចំណុចណាដែលបញ្ជាក់ថា «និមល» ជាឈ្មោះរបស់មនុស្សស្រី ឬ ប្រុសសោះឡើយ។ ពាក្យនេះ គឺមានន័យ ត្រឹមតែ ឥតសៅហ្មង ឥតមន្ទិលប៉ុណ្ណោះ។

 

បើយើងពិនិត្យលើពាក្យដទៃទៀតដូចជាពាក្យ ពិសី, កល្យាណ, រតនា, សុផល, វឌ្ឍនា, សុភក្ដិ, វណ្ណា… យើងឃើញថា ពាក្យទាំងអស់នេះ អាចដាក់បានទាំងប្រុសទាំងស្រី ដូចជាមិនសូវអ្នកណា ចាប់ភ្លឹកថាស្រី ឬ ប្រុសទេ។ ចុះហេតុអ្វី ចម្លែកតែពាក្យ «និមល»?

 

តាមពិតមិនមែនមានតែខ្ញុំដែលជាប្រុសឈ្មោះនិមលតែម្នាក់ឯងទេ គឺមានច្រើនទៀតឈ្មោះ និមល ដូចជាលោក កែវ និមល អ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរី ។ល។ និង ។ល។ ដូច្នេះ សូមអ្នកដែលបានស្ដាប់ឈ្មោះខ្ញុំនៅពេលដំបូង កុំមានការចម្លែកចិត្តអី៕

 

ឯកសារយោង៖

  • វចនានុក្រមខ្មែររបស់សម្ដេចសង្ឃជួន ណាត បោះពុម្ពឆ្នាំ1967 ទំព័រ 375
  1. ខែ មិថុនា 3, 2008 ម៉ោង 8:41 ព្រឹក | #1

    ថឹមថូវ :P

  2. ខែ មិថុនា 3, 2008 ម៉ោង 4:47 ល្ងាច | #2

    បងនិមលចេះ​ភាសាសំស្រ្កឹតដែរហ្ន៎?
    ចាំពេល​ទំនេរចូលអានទៀត! ពេល​នេះ​រវល់​ទៅវិញហើយ!!!

  3. ខែ មិថុនា 3, 2008 ម៉ោង 9:36 ល្ងាច | #3

    ចង់​ចេះ​ភាសា​សំស្ក្រឹត​ដែរ, ត្រូវ​ធ្វើ​បែប​ណា​ទៅ​បង?

  4. nimol
    ខែ មិថុនា 3, 2008 ម៉ោង 10:19 ល្ងាច | #4

    ឧស្សាហ៍​ទៅ​វត្ត​ទៅវ៉ាទៅ! និយាយលេង​ទេ​! តាមពិត​ខ្ញុំ​មិន​ចេះ​សំស្ក្រឹត ឬ បាលី អីទេ។ ដើមហេតុ​ដំបូង​ដែលធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ស្រាវជ្រាវអក្សរ​នេះ ដោយសារ​ខ្ញុំ​ធ្លាប់បានអត្ថបទស្រាវជ្រាវ​របស់​លោក ឈៀង វិបុល ដែល​ចុះផ្សាយ​​តាម​ទស្សនាវដ្ដី​ប្រជាប្រិយ​ ស្ដីអំពី «វិបត្តិនៃអក្សរ​សាស្ត្រ​ខ្មែរ» ដែល​នៅ​ក្នុង​នោះ លោកបានប្រៀបធៀប​អំពី​តួអក្សរខ្មែរ និង តួអក្សរ ទេវនាគរីដែលប្រើសម្រាប់កត់ត្រា​ភាសា​សំស្ក្រឹត។ ដូច្នោះ ហើយទើប​បានជា​ខ្ញុំ​សាកល្បង​ស្វែងយល់​ដោយខ្លួន​ឯងទៅ។ មូលហេតុនោះគឺ ខ្ញុំ​ចង់ដឹង​ណាស់​ថា តើការ​អះអាង​របស់ក្រុមអភិរក្ស​និយម​ (ក្រុមសម្ដេចជួន ណាត) ដែលសព្វថ្ងៃ​នេះមានលោក​ឈៀង វិបុល និង លោក​វ៉េង ស្រ៊ាង (អតីតៈសង្ឃ) និងក្រុម​ម្ខាង​ទៀត​គឺក្រុមទំនើប ដែលមានក្រសួងអប់រំ​ (លោកតា លី សុវីរ) មួយណា​សម​ហេតុផល និង​មានលក្ខណៈ​វិទ្យាសាស្ត្រជាង។
    ខ្ញុំនឹងសរសេរអត្ថបទ​នេះនៅពេលក្រោយ។

  5. ខែ មិថុនា 3, 2008 ម៉ោង 11:03 ល្ងាច | #5

    :D ខ្ញុំ​ធ្លាប់​អាន​ដែរ «វិបត្តិ​នៃ​អក្សរសាស្ត្រ​ខ្មែរ» តែ​មិន​ជាប់លាប់! ទស្សនាវដ្ដី​ហ្នឹង​តាំង​ពី ២០០៤… ចង់​ដឹង​ថា​មាន​សៀវភៅ​លក់​ដែរ​ទេ​ណ៎?

  6. ខែ មិថុនា 4, 2008 ម៉ោង 9:41 ព្រឹក | #6

    អក្សរ​សំស្ក្រឹត និង​អក្សរ​ឥណ្ឌា​វា​ទៅ​ណា​គ្នា? ឃើញ​ឥណ្ឌា​ប្រើ​ចឹង​ដែរ ។ ប្រហែល​ភាគ​ច្រើន​មាន​រៀន​តាម​វត្ត​អារាម​មែន​ហើយ ឬ​ពុធ្ធិកវិទ្យាល័យ​នានា ។ ចាំ​ថា​កាល​ខ្ញុំ​រៀន​អង់គ្លេស នៅ​ឯ​ខេត្ត លោកបង (សង្ឃ) មួយ​អង្គ​បាន​បង្ហាញ​អក្សរ​ហ្នឹង … យី! លោកបង អាហ្នឹង​អក្សរ​ឥណ្ឌា​ទេ​តើ រៀន​ភាសា​ឥណ្ឌា​មែន​ទេ? លោកបង​មាន​សង្ឃដីកា​តប​ថា ទេ! នេះ​គេ​ហៅ​ថា អក្សរ​សំស្ក្រឹត !!!

  7. nimol
    ខែ មិថុនា 4, 2008 ម៉ោង 9:51 ល្ងាច | #7

    តាមពិត​ប្រទេស​ឥណ្ឌា​មាន​ភាសា​ផ្លូវការ​ដល់​ទៅ​២២ផ្សេង​គ្នាឯណោះ។ ហើយ​តួអក្សរ​នោះ​ស្រដៀងៗ​គ្នា។ ចំពោះ​ភាសា​ហិនឌីនិងសំស្ក្រឹត​ គេប្រើ​អក្សរ​ទេវនាគរី​ដើម្បី​កត់ត្រា។ ភាសា​ផ្លូវការ​ជាង​គេ គឺហិនឌី និង អង់គ្លេស។

  8. ខែ មិថុនា 4, 2008 ម៉ោង 11:36 ល្ងាច | #8

    យល់​ហើយ! សំស្ក្រឹត​មើលទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់! ខ្ញុំធ្លាប់​អាន​សៀវភៅ​ទាក់ទង​នឹង​សំស្ក្រឹត​ដែរ, តែ​គិត​ថា ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​រៀន​អក្សរ​របស់​វា ទើប​ខ្ញុំ​ងាក​មក​សាក​ល្បង​រៀន​បាលី​វិញ… យូរ​ហើយ… មិន​ទាន់​ចេះ​ទៀត!!!

  9. សុវណ្ណរត្ន័
    ខែ មិថុនា 5, 2008 ម៉ោង 3:20 ព្រឹក | #9

    សួស្តីទាំងអស់គ្នា។

  10. ខែ មិថុនា 5, 2008 ម៉ោង 9:39 ព្រឹក | #10

    ឈ្មោះ និមល មាន​ន័យ​ល្អ​មែន។ ដំបូង​ខ្ញុំ​ស្មាន​តែ​មិត្ត​ស្រី ម្នាក់​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា​ចូល​មក​ខំមិន​នៅ​ប្លក់​ខ្ញុំ​ទេ​តើ តែ​ដល់​តែ​មើល​មក​នេះ ទើប​ដឹង​ថា​ជា​និមល​នេះ។ រឿង​យល់​ច្រឡំ​បែប​នេះ ប្រហែល​ជា​មកពី​មិន​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ច្បាស់លាស់ មួយ​ទៀត ប្រហែល​ជា​មក​ពី​ភាគច្រើន​ជា​ឈ្មោះ​របស់​មនុស្ស​ស្រី ដូច​ដែល​ចាស់​ពី​មុន​ធ្លាប់​តែ​ដាក់​ឱ្យ​កូនចៅ។ ប៉ុន្តែ​វា​មិន​មាន​អី​ប្លែក​ទេ​សម្រាប់​ខ្ញុំ ដែល​ឃើញ​ឈ្មោះ​នេះ​ដាក់​ដល់​មនុស្ស​ប្រុស ព្រោះ​ខ្ញុំ​ក៏​មាន​មិត្ត​ឈ្មោះ​និមល​នេះ​ជា​ប្រុស​ដែរ ហើយ​ក៏​ធ្លាប់​ឃើញ​មាន​ឈ្មោះ​អ្នក​ផ្សេងៗ​ទៀត ដូច​ដែល​និមល​រាប់​ខាងលើ។

    ខ្ញុំ​ចាប់អារម្មណ៍​នឹង​ខំមិន​របស់​និមល អំពី​ការអះអាង​របស់​អ្នក​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ។ ខ្ញុំ​នឹង​រង់ចាំ​អាន។

  11. ខែ មករា 30, 2009 ម៉ោង 9:04 ល្ងាច | #11

    ថ្ងៃ​នេះ ខ្ញុំ​បាន​ជួប​ដោយ​ចៃដន្យ​ ឥណ្ឌា​ម្នាក់ នៅ​កន្លែង​អ៊ិន​ធ័រ​ណិត។ ពេល​សាក​សួរ​គ្នា​ទៅ ក៏​ដឹង​ថា​គាត់​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ជំនាញ ព្រោះ​អី​ពាក្យ​ក្នុង​ភាសា​ខ្មែរ​យើង ខ្ចី​ពី​ភាសា​សំស្ក្រឹត​ច្រើន​ណាស់។ គាត់​ថែម​ទាំង​ស្គាល់​សម្ដេច​សង្ឃ ជួន ណាត ទៀត​ផង។ ខ្ញុំ​បាន​សាក​សួរ​គាត់ ពី​ឈ្មោះ​របស់​ខ្ញុំ និង បើក​ប្លក់​ឲ្យ​គាត់​មើល​ គាត់​ថា ត្រូវ​ហើយ មិន​មែន​ឈ្មោះ​ស្រី​ទេ។ អូ​! ភ្លេច​ប្រាប់ គាត់​ឈ្មោះ ព្រហ្មចារី វេទមិត្រ ជា​វេជ្ជ​បណ្ឌិត ខាង​ឱសថ​បុរាណ និង យោគា។ គាត់​មក​នៅ​ស្រុក​ខ្មែរ ជាង ៨ ឆ្នាំ​ហើយ។ គាត់​ថា​ជនជាតិ​ឥណ្ឌា​ដែល​មក​ចង់​នៅ​ស្រុក​ខ្មែរ ឬ មក​លក់​មុង អាច​រៀន​ភាសា​ខ្មែរ​ចេះ​តែ​ក្នុង​រយៈ​ពេល ៤ ថ្ងៃ​ប៉ុណ្ណោះ​ គឺ អាច​ចេះ​និយាយ​បាន​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ពិត​ឬ​មិន​ពិត​ទេ (បោក​ខ្ញុំ​ក៏​មិន​ដឹង)។ នេះ​លេខ​ទូរស័ព្ទ​គាត់ 012 990 923/ 016 408 603

  12. ខែ កុម្ភៈ 21, 2009 ម៉ោង 8:50 ល្ងាច | #12

    ហេហេ សួស្តី និមល៕ និយាយពីលោកគ្រូ ព្រហ្មចារី នឹង ខ្ញុំក៏ធ្លាប់ស្គាល់គាត់ដែរ ព្រោះអីកាលខ្ញុំនៅស្រុកខ្មែរខ្ញុំរៀន ថ្នាក់ឆ្នាំមូលដ្ឋាន នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ជាមួយគាត់៕ គាត់កំប្លែងណាស់ ហើយតែងតែដាស់តឿនពូកខ្ញុំ ពីបញ្ហាសុខភាព ដែលទាក់ទងនឹងថ្នាំបូរាណ ឬរុក្ខជាតិអីនឹង៕ តាមពិតខ្ញុំ ក៏ឈ្មោះនិមលដែរ ហាហា ពិតជាជួនមែន តែវាជាឈ្មោះនៅផ្ទះ អ្នកផ្ទះញុំស្កាល់តែនិមលទេ ហើយប្រហែលជាមិនសួវស្គាល់សុវុឌ្ឍីទេ៕

  13. ខែ មីនា 5, 2009 ម៉ោង 11:27 ព្រឹក | #13

    ម៉េចហើយល្បង!!! ខានជួបគ្នាយូរហើយ​ សុខសប្បាយជាទេ?? ប្រហែល​ជាភ្លេចញុំហើយដឹង!!!

  1. គ្មានទាន់មាន ការតាមដានត្រលប់។